ហេតុអ្វីត្រូវរៀនជំនាញគ្រប់គ្រងអាជីវកម្ម (Why Study Business Administration) ?

ហេតុអ្វីត្រូវរៀនជំនាញគ្រប់គ្រងអាជីវកម្ម (Why Study Business Administration) ?


​ការសម្រេចចិត្តជ្រើសរើសជំនាញសិក្សានៅសាកលវិទ្យាល័យគឺជារឿងលំបាក និង​ត្រូវ​ពិចារណាឱ្យបានល្អិតល្អន់​ ដោយត្រូវគិតគូរពីកត្តាជាច្រើនដូចជា ចំណង់ចំណូលចិត្ត ទេពកោសល្យ លទ្ធភាពក្នុងការបង់ថ្លៃសិក្សា និងតម្រូវការ​ទីផ្សារជាដើម។ កត្តាមួយទៀត ដែល សំខាន់ជាងគេនោះ គឺការយល់ដឹងឱ្យបាន​ស៊ីជម្រៅទៅលើមុខជំនាញនីមួយៗ ពោលគឺថា​តើយើងនឹងរៀនចេះអ្វីខ្លះពីជំនាញនោះ ហើយពេលរៀនចប់យើងអាចធ្វើការងារ​ ឬប្រកបមុខរបរ​អ្វីបានខ្លះ។

គ្រប់គ្រងអាជីវកម្ម ឬគ្រប់គ្រងពាណិជ្ជកម្ម ឬហៅកាត់ថាគ្រប់គ្រង គឺជាជំនាញល្អមួយ​ដែល​និស្សិត​គួរពិចារណាជ្រើស​រើសសិក្សា។ ជំនាញគ្រប់គ្រងអាជីវកម្មនេះ ផ្ដោតសំខាន់ការ​សិក្សា​​អំពី​​​គោលការណ៍ និងដំណើរការជាមូលដ្ឋាន​សំខាន់ៗ​ទាំងអស់​​​ដែលចាំបាច់​នៅក្នុង​ដំណើរការ​​អាជីវកម្ម ក៏ដូចជាអង្គភាពនានា។ មុខងារទាំងបួននៃការគ្រប់គ្រង​ (The Four Functions of Management) គឺជាទ្រឹស្ដីដំបូងដែលនិស្សិតគ្រប់គ្រងនឹងបានរៀន​នោះគឺ ទី១ ការធ្វើ​ផែនការ​(Planning) ទី២ ការចាត់ចែង ឬការបែងចែកការងារ​ (Organizing) ទី៣ ការដឹកនាំ (Leading) និងទី៤ ការត្រួត​ពិនិត្យ (Controlling)​ ។ បន្ថែមពីនេះទៀត ក្រោយពេលរៀនចប់ និស្សិត​អាច​ទទួល​បានចំណេះដឹង និងអាចប្រកប​ការងារមួយចំនួ​ន​ដូចខាងក្រោម៖


១. ជំនាញរដ្ឋបាល៖ គ្រប់ក្រុមហ៊ុន និងអាជីកម្មទាំងអស់តែងតែត្រូវការ​អ្នករដ្ឋបាល​ដែល​គ្រប់​គ្រង​លើប្រតិបត្តិការប្រចាំថ្ងៃ​ ដូចជា ការគ្រប់គ្រងលិខិតរដ្ឋបាល ការរៀបចំគោលនយោបាយ ការគ្រប់គ្រងសម្ភារៈ បរិក្ខារ យានយន្ត សំ​ណង់​​អាគាជាដើម។
២​. ជំនាញធនធានមនុស្ស៖ ពិតណាស់ក្រុមហ៊ុនត្រូវការធនធានមនុស្ស​ដើម្បីប្រតិបត្តិដំណើរការ​អាជីវកម្មរបស់ខ្លួន ដូចនេះ​ការគ្រប់គ្រងធនធានមនុស្សឱ្យមានប្រសិទ្ធភាពជារឿងចាំបាច់ ហើយ​ធាតុ​​​សំខាន់ៗនៃការគ្រប់គ្រងធនធានមនុស្សមាន​ដូចជា ការជ្រើសរើស ការបណ្ដុះបណ្ដាល ការលើក​​​​​​ទឹកចិត្ត និងការទូទាត់សំណង (ប្រាក់បៀវត្ស) ។
៣. ជំនាញម៉ាឃីតធីង និងលក់ (Marketing & Sale) ក្រុមហ៊ុនត្រូវការអ្នកជំនាញខាងធ្វើទីផ្សារ និងលក់ផលិត​ផលរបស់ខ្លួនទៅកាន់អតិថិជន ដោយជំនាញនេះត្រូវការចំណេះដឹង និងភាព​ប៉ិន​ប្រសប់នៃការទំនាក់ទំនង ការបញ្ចុះ​បញ្ចូល និងការឈ្វេងយល់អំពីទឹកចិត្តអតិថិជន។
៤. ជំនាញគ្រប់គ្រងផលិតកម្ម៖ សម្រាប់ក្រុមហ៊ុនដែលផលិតផលិតផលដើម្បីលក់ ត្រូវការចាំបាច់​នូវ​​អ្នក​ជំនាញក្នុង​ការ​គ្រប់​គ្រង​ដំណើរការទាំងមួលនៃការផលិត តាំងពីការគ្រប់គ្រងវត្ថុធាតុដើម ការផលិត ការវេចខ្ចប់ និងការរក្សាទុកជាដើម។
៥. ជំនាញគណនេយ្យ និងហិរញ្ញវត្ថុ៖ និស្សិតគ្រប់គ្រងមានឱកាសសិក្សា​ស្ទើតែគ្រប់​មុខវិជ្ជា​សំខាន់ៗ​ទាំងអស់ ក្នុងនោះ​ក៏​រួម​មានមុខវិជ្ជាគណនេយ្យ និងហិរញ្ញវត្ថុផងដែរ។ ដូចនេះពួកគេ​ក៏​អាច​ធ្វើការក្នុងជំនាញគណនេយ្យ និងហិរញ្ញវត្ថុនេះបានដែរ ព្រោះពួកគេបានសិក្សា​អំពីការងារ​សំខាន់ៗ​នៃគណនេយ្យ និងហិរញ្ញវត្ថុ ដែលមានដូចជា ការកត់ត្រាចំណូល ចំណាយ ការរៀប​ចំរបាយការណ៍ហិរញ្ញវត្ថុ និងការវិភាគអំពីស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនជាដើម។
៦. ការធ្វើជាម្ចាស់អាជីវកម្មដោយខ្លួនឯង៖ និស្សិតគ្រប់គ្រងអាជីវកម្មអាចក្លាយជាម្ចាស់​អាជីវកម្ម​មួយ​បានប្រសិនបើគេមាន​លទ្ធភាព ពីព្រោះថាពួកគេបានសិក្សាយ៉ាងលំអិតអំពី ទ្រឹស្ដី គោលការណ៍ និងធាតុសំខាន់ៗសម្រាប់​គ្រប់គ្រង​ដំណើរការ​អាជីវកម្ម។


សរុបរួមមក ជំនាញគ្រប់គ្រង ឬគ្រប់គ្រងអាជីវកម្ម ឬគ្រប់គ្រងពាណិជ្ជកម្ម (Business Administration) ជាជំនាញ​ដែលអា​ចឱ្យនិស្សិតមានឱកាសការងារ​ច្រើន​ មិនថាតែនៅ​តាម​ក្រុមហ៊ុន​ឯកជន អង្គការក្រៅរដ្ឋាភិបាល ក៏ដូចជាការងារក្នុង​ស្ថាប័នរដ្ឋាភិបាលផងដែរ។ ទោះជា​យ៉ាងណា និស្សិតអាចជ្រើសរើសជំនាញមួយណាក៏បានទៅតាម ចំណង់ចំណូល​ចិត្ត ទេពកោសល្យ និងលទ្ធភាពរបស់ខ្លួន។ 

Comments

Popular posts from this blog

Going to Coffee Shop